គេហទំព័រសុខភាព-អាហារ និងអភិវឌ្ឍន៍ ត្រូវបានបង្កើតឡើងដោយ PPM-Confirel Group

ខនហ្វីរេលបញ្ជាក់ពីតួនាទីជាក្រុមហ៊ុនផលិតផលសរីរាង្គនៅទ្វីបចំនួនបី

កាលបរិច្ឆេទ: ១០ សីហា ២០២៦ / កសិកម្ម / Author : ATH Sokren

ក្រុមហ៊ុនខនហ្វីរេលទើបតែបានបន្តវិញ្ញាបនបត្រសរីរាង្គថ្នាក់អន្តរជាតិទាំងអស់របស់ខ្លួន កាលពីខែមិថុនា ឆ្នាំ ២០២៦ កន្លងទៅនេះ ដែលធ្វើឱ្យការបញ្ជ្រាបផលិតផលសំខាន់ៗរបស់ខ្លួនមានដូចជាស្ករត្នោតម៉ាក Thnot និងម្រេចកំពតម៉ាក Kirum ទៅក្នុងទីផ្សារអឺរ៉ុប អាមេរិកខាងជើង និងកាណាដា កាន់តែរឹងមាំថែមទៀត។ ជាក់ស្តែង Ecocert SAS ដែលជាស្ថាប័នផ្តល់វិញ្ញាបនបត្រតាំងពីយូរមកហើយរបស់ក្រុមហ៊ុននោះ ទើបតែចេញឯកសារថ្មីពីរមកឱ្យក្រុមហ៊ុន។

អឺរ៉ុបបន្តទំនុកចិត្តរបស់ខ្លួនរហូតដល់ឆ្នាំ២០២៨

ឯកសារទីមួយគឺជាវិញ្ញាបនបត្រសរីរាង្គសម្រាប់ការនាំចូល ដែលចេញដោយកម្មវិធីរបស់អឺរុប TRACES ជាមួយនឹងលេខសម្គាល់ KH-BIO-154.116-0000015.2026.001។ ចេញផ្សាយកាលពីថ្ងៃទី២៥ មិថុនា ឆ្នាំ២០២៦ នៅទីក្រុង L'Isle-Jourdain ប្រទេសបារាំង ដោយក្រុមហ៊ុន Ecocert SAS​ (ទទួលស្គាល់ដោយ COFRAC) វិញ្ញាបនបត្រនេះទាក់ទងនឹងសកម្មភាពផលិត ការរៀបចំ និងការនាំចេញរបស់ក្រុមហ៊ុនខនហ្វីរេល ស្របតាមបទប្បញ្ញតិ (សហភាពអឺរ៉ុប) 2018/848 ស្តីពីផលិតកម្មសរីរាង្គ (certificat TRACES)។ វិញ្ញាបនបត្រនេះមានសុពលភាពរហូតដល់ថ្ងៃទី៣១ មីនា ឆ្នាំ២០២៨ ដែលអាចឱ្យក្រុមហ៊ុនមានពេលជិតពីរឆ្នាំទៀតក្នុងការបញ្ចូលផលិតផលសរីរាង្គរបស់ខ្លួនទៅក្នុងទីផ្សារអឺរ៉ុបដោយសុវត្ថិភាព។

មុខទំនិញដែលមានចែងនៅក្នុងឯកសារនោះបង្ហាញច្បាស់ពីភាពសម្បូរបែបនៃផលិតផលរបស់ក្រុមហ៊ុន៖ ស៊ីរ៉ូស្ករត្នោត ស្ករត្នោត និងស្ករត្នោតកំពង់ស្ពឺ ព្រមទាំងផលិតផលម្រេចកំពតមាន ម្រេចខ្មៅ ម្រេចស ម្រេចក្រហម ជាប្រភេទម្រេចគ្រាប់ និងម្រេចម៉ត់ ឬក៏ម្រេចទាំងបីពណ៌លាយគ្នា។ ផលិតផលទាំងអស់នេះសុទ្ធតែទទួលបានវិញ្ញាបនបត្រ «សរីរាង្គ» ទាំងអស់ (certificat TRACES)

សហរដ្ឋអាមេរិក និងកាណាដាបន្តផ្តល់ទំនុកចិត្តដល់ក្រុមហ៊ុនតាំងពីឆ្នាំ ២០០៥ មក

ចំណែកឯកសារទីពីរចេញថ្ងៃទី ២៤ មិថុនា ឆ្នាំ ២០២៦ គឺទាក់ទងនឹងវិញ្ញាបនបត្រអាមេរិកដែលផ្តល់ឱ្យក្រុមហ៊ុនក្នុងក្របខណ្ឌកម្មវិធីសរីរាង្គជាតិ (USDA, 7 CFR Part 205)។ វិញ្ញាបនបត្រនេះទាក់ទងនឹងប្រភេទ «បន្លែ ផ្លែត្រសក់ស្រូវ មើម និងឫស» ប្រភេទ«គ្រឿងទេស និងទឹកជ្រលក់» ប្រភេទ «ទំនិញផលិតចេញពីផ្លែឈើ» និងប្រភេទ «ស្ករ»។ គួរកត់សម្គាល់ផងដែរថា ក្រុមហ៊ុនខនហ្វីរេលទទួលបានវិញ្ញាបនបត្រសរីរាង្គលើកដំបូងគឺនៅថ្ងៃទី ២៨ ធ្នូ ឆ្នាំ ២០០៥ មានន័យថាក្រុមហ៊ុនទទួលបានវិញ្ញាបនបត្រសរីរាង្គពីសហរដ្ឋអាមេរិកជាប់ៗគ្នាតាំងពីជាងម្ភៃឆ្នាំមកហើយមិនដែលអាក់ខានឡើយ ហើយការត្រួតពិនិត្យឡើងវិញប្រចាំឆ្នាំគឺតែងតែធ្វើឡើងនៅថ្ងៃទី១ ខែសីហា (Organic Integrity Database, USDA)

ឯកសារយោងដែលភ្ជាប់ជាមួយនឹងវិញ្ញាបនបត្រនេះរៀបរាប់យ៉ាងមល្អិតពីផលិតផលចំនួនដប់បួនមុខដែលទទួលបានចំណាត់ថ្នាក់សរីរាង្គ ១០០% ដោយគិតចាប់ពីផលិតផលម្រេចកំពតគ្រប់ទម្រង់រហូតដល់ស្ករត្នោត និងស៊ីរ៉ូស្ករត្នោតម៉ាក Thnot។ ផលិតផលនីមួយៗត្រូវបានទទួលស្គាល់ដោយវិញ្ញាបនបត្រដែលមានតម្លៃស្មើនឹងវិញ្ញាបនបត្រ COR ដែលពង្រីកការទទួលស្គាល់ដោយស្វ័យប្រវត្តទៅកាន់ទីផ្សារកាណាដាក្នុងក្របខ័ណ្ឌនៃកិច្ចព្រមព្រៀងរវាងសហរដ្ឋអាមេរិក និងកាណាដា។ ទីតាំងពីរដែលទទួលស្គាល់ដោយវិញ្ញាបនបត្រនេះគឺស្នាក់ការរបស់ក្រុមហ៊ុនខនហ្វីរេលនៅទីក្រុងភ្នំពេញ និងកសិដ្ឋាននៅក្រុងកំពតដែលស្ថិតនៅក្នុងតំបន់សម្គាល់ភូមិសាស្រ្តនៃម្រេចកំពតដ៏ល្បីល្បាញ។

ការធានាឱ្យមានប្រព័ន្ធតាមដានប្រភពផលិតផលសម្រាប់ទីផ្សារទាំងបី

ឯកសារទាំងពីរនេះឆ្លុះបញ្ចាំងឱ្យឃើញពីការប្តេជ្ញាចិត្តដោយមិនរាថយរបស់ក្រុមហ៊ុនក្នុងការគោរពតាមស្តង់ដាសរីរាង្គ។ សម្រាប់អ្នកប្រើប្រាស់ក៏ដូចជាដៃគូអាជីវកម្មរបស់ក្រុមហ៊ុន ការទទួលស្គាល់នៅលើទីផ្សារទាំងបីនេះ (សហភាពអឺរ៉ុប សហរដ្ឋអាមេរិក និងកាណាដា) គឺជាការធានាដ៏ល្អបំផុតថា ម្រេចកំពតគ្រប់គ្រាប់ ឬស្ករត្នោតគ្រប់ស្លាបព្រាសុទ្ធតែបានឆ្លើយតបទៅនឹងស្តង់ដាកសិកម្មសរីរាង្គដ៏តឹងរឹងបំផុត ចាប់ពីកសិដ្ឋានរហូតដល់ការនាំចេញ៕